ព្រះត្រៃបិដក ភាគ ៣២
ចក្ខុសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យចក្ខុធាតុ វេទនាដែលកើតអំពីចក្ខុសម្ផ័ស្ស ក៏កើតឡើង ព្រោះអាស្រ័យចក្ខុសម្ផ័ស្ស មិនមែនចក្ខុសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យវេទនា ដែលកើតអំពីចក្ខុសម្ផ័ស្ស មិនមែនចក្ខុធាតុកើតឡើង ព្រោះអាស្រ័យចក្ខុសម្ផ័ស្សទេ។បេ។ មនោសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យមនោធាតុ វេទនាដែលកើតអំពីមនោសម្ផ័ស្ស ក៏កើតឡើង ព្រោះអាស្រ័យមនោសម្ផ័ស្ស មិនមែនមនោសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យវេទនា ដែលកើតអំពីមនោសម្ផ័ស្ស មិនមែនមនោធាតុកើតឡើង ព្រោះអាស្រ័យមនោសម្ផ័ស្សទេ។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា វេទនាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាពផ្សេងគ្នា មិនមែនផស្សៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យវេទនាមានសភាពផ្សេងគ្នា មិនមែនធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាពផ្សេងគ្នា យ៉ាងនេះឯង។ ចប់សូត្រទី៥។
ID: 636849114719290853
ទៅកាន់ទំព័រ៖