ព្រះត្រៃបិដក ភាគ ៣២
[៨៤] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធាតុនេះមាន៤ប្រការ ធាតុ៤ តើអ្វីខ្លះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់តាមពិត នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នៃធាតុទាំង៤នេះ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ តថាគតមិនសន្មតថាជាសមណៈ ក្នុងពួកសមណៈ មិនសន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ទេ មួយទៀត អ្នកទាំងនោះ មិនបានធ្វើឲ្យជាក់ច្បាស់ មិនបានសម្រេច ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន នូវប្រយោជន៍នៃសមណភាព ឬប្រយោជន៍នៃព្រាហ្មណភាពទេ។
[៨៥] ម្នាលភិក្ខុទាំងឡាយ លុះតែពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ដឹងច្បាស់តាមពិត នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នៃធាតុទាំង៤នេះ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ទើបតថាគតសន្មតថាជាសមណៈ ក្នុងពួកសមណៈផង សន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង
ID: 636849130054557981
ទៅកាន់ទំព័រ៖