ព្រះត្រៃបិដក ភាគ ៣២
[៨៨] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ដឹងច្បាស់នូវបឋវីធាតុ ដឹងច្បាស់នូវសេចក្តីកើតឡើងនៃបឋវីធាតុ ដឹងច្បាស់នូវសេចក្តីរលត់នៃបឋវីធាតុ ដឹងច្បាស់នូវបដិបទា ជាហេតុឲ្យដល់នូវសេចក្តីរលត់នៃបឋវីធាតុ។ ដឹងច្បាស់នូវអាបោធាតុ។បេ។ ដឹងច្បាស់នូវតេជោធាតុ... ដឹងច្បាស់នូវវាយោធាតុ ដឹងច្បាស់នូវសេចក្តីកើតឡើងនៃវាយោធាតុ ដឹងច្បាស់នូវសេចក្តីរលត់នៃវាយោធាតុ ដឹងច្បាស់នូវបដិបទា ជាហេតុឲ្យដល់នូវសេចក្តីរលត់ នៃវាយោធាតុ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ តថាគតសន្មតថាជាសមណៈ ក្នុងពួកសមណៈផង សន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង មួយទៀត អ្នកទាំងនោះ បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវប្រយោជន៍នៃសមណភាពផង នូវប្រយោជន៍នៃព្រាហ្មណភាពផង។ ចប់សូត្រទី១០។
ចប់វគ្គទី៤។
ID: 636849130894256009
ទៅកាន់ទំព័រ៖