ព្រះត្រៃបិដក ភាគ ៣២

 ​[​៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវហើយ​ ​ត្រូវហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​យល់​ច្បាស់​នូវ​ធម៌​ ​តាមដែល​តថាគត​ ​សំដែង​ហើយ​ ​យ៉ាងនេះ​ ​ប្រពៃ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​អ្នក​ទាំងឡាយ​ ​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​ដោយ​កាល​ជា​អង្វែង​នេះ​ ​បាន​ផឹកទឹក​ដោះ​របស់​មាតា​ ​ច្រើនអនេក​ពិត​ ​ឯ​ទឹក​ក្នុង​មហាសមុទ្រ​ទាំង៤​ ​មិន​ច្រើនជាង​មែន​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​សង្សារ​នេះ​ ​មាន​ទីបំផុត​គេ​មិន​អាច​ដឹង​បាន​។​បេ​។​ ​អ្នក​ទាំងឡាយ​ ​គួរ​ជិនឆ្អន់​។​ ​ចប់​សូត្រ​ទី៤​។​
 [​៩៧​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​គ្រានោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​។​បេ​។​ ​លុះ​ភិក្ខុ​នោះ​អង្គុយ​ ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​កប្ប​មានកាល​វែង​ប៉ុន្មាន​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​កប្ប​មានកាល​វែង​ណាស់​ ​កប្ប​នោះ​ ​មិន​ងាយ​នឹង​រាប់​ថា​ ​ប៉ុណ្ណេះ​ឆ្នាំ​ ​ឬថា​ប៉ុណ្ណេះ​រយ​ឆ្នាំ​ ​ថា​ប៉ុណ្ណេះ​ពាន់​ឆ្នាំ​ ​ឬថា​ប៉ុណ្ណេះ​សែន​ឆ្នាំ​ ​បាន​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ព្រះអង្គ​អាច​ធ្វើពាក្យ​ឧបមា​បាន​ឬទេ​។​
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 636849132919301835
ទៅកាន់ទំព័រ៖