ព្រះត្រៃបិដក ភាគ ៣២
[៩៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាចធ្វើបាន ហើយទ្រង់ត្រាស់ តទៅទៀតថា ម្នាលភិក្ខុ ដូចភ្នំថ្មសុទ្ធដ៏ធំ បណ្តោយមួយយោជន៍ ទទឹងមួយយោជន៍ កំពស់ក៏មួយយោជន៍ មិនធ្លុះ មិនមានប្រហោង ជាភ្នំតាន់ កន្លងមួយរយឆ្នាំៗទៅ មានបុរសយកសំពត់កាសិក មកបោសភ្នំនោះម្តងៗ ម្នាលភិក្ខុ ភ្នំថ្មសុទ្ធដ៏ធំនោះ គប្បីដល់នូវការអស់ទៅ រេចទៅ ដោយសេចក្តីព្យាយាមនេះឆាប់ជាង ឯកប្បមិនទាន់អស់ទៅឡើយ ម្នាលភិក្ខុ កប្បមានកាលវែង យ៉ាងនេះឯង។ ម្នាលភិក្ខុ បណ្តាកប្បដែលមានកាលវែង យ៉ាងនេះ សូម្បីកប្បមួយក៏រាប់មិនបាន កប្បមួយរយក៏រាប់មិនបាន កប្បមួយពាន់ក៏រាប់មិនបាន កប្បមួយសែនក៏រាប់មិនបាន សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។ ចប់សូត្រ ទី៥។
ID: 636849133099832160
ទៅកាន់ទំព័រ៖