ព្រះត្រៃបិដក ភាគ ៣២
[១៣៧] ម្នាលអាវុសោ ចុះបុគ្គលជាអ្នកមានសេចក្តីខ្លាចបាប តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ រមែងខ្លាចបាប ដោយគិតថា ពួកអកុសលធម៌ ដ៏លាមក ដែលមិនទាន់កើតឡើង ដល់អាត្មាអញ កាលបើកើតឡើង គប្បីប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ រមែងខ្លាចបាប ដោយគិតថា ពួកអកុសលធម៌ ដែលកើតឡើង ដល់អាត្មាអញហើយ កាលបើអាត្មាអញ មិនបានលះបង់ចេញទេ គប្បីប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ រមែងខ្លាចបាប ដោយគិតថា ពួកកុសលធម៌ ដែលមិនទាន់កើតឡើង ដល់អាត្មាអញ កាលបើមិនទាន់កើតឡើង គប្បីប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ រមែងខ្លាចបាប ដោយគិតថា ពួកកុសលធម៌ ដែលកើតឡើង ដល់អាត្មាអញហើយ កាលបើរលត់ទៅវិញ គប្បីប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍។ ម្នាលអាវុសោ បុគ្គលជាអ្នកមានសេចក្តីខ្លាចបាប យ៉ាងនេះឯង។ ម្នាលអាវុសោ បុគ្គល ជាអ្នកមានសេចក្តីព្យាយាម ដុតកំដៅកិលេស ជាអ្នកមានសេចក្តីខ្លាចបាប ទើបគួរដើម្បីត្រាស់ដឹង គួរដើម្បីព្រះនិព្វាន គួរដើម្បីបាននូវធម៌ ដ៏ក្សេមចាកយោគៈ ដ៏ប្រសើរ យ៉ាងនេះឯង។ ចប់សូត្រ ទី២។
ID: 636849154291894277
ទៅកាន់ទំព័រ៖