ព្រះត្រៃបិដក ភាគ ៣២
ទទួលនូវសេចក្តីសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គល ដែលប្រកបដោយតតិយជ្ឈាននោះថា ជាអ្នកមានឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏ចូលតតិយជ្ឈាននោះ ដរាបនោះដែរ។
[១៦៨] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏លះបង់នូវសេចក្តីសុខផង លះបង់នូវសេចក្តីទុក្ខផង មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុន ក៏ចូលចតុត្ថជ្ឈាន ដែលមិនជាទុក្ខ មិនជាសុខ មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សបប្រាថ្នា ដរាបណា ក៏លះបង់នូវសេចក្តីសុខផង។បេ។ ចូលចតុត្ថជ្ឈាន ដរាបនោះដែរ។
[១៦៩] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏ប្រព្រឹត្តកន្លង នូវរូបសញ្ញា ដោយប្រការទាំងពួង ដល់នូវការអស់ទៅ នៃបដិឃសញ្ញា លែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ហើយចូលអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត ដូច្នេះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សបប្រាថ្នា ដរាបណា ក៏ប្រព្រឹត្តកន្លង នូវរូបសញ្ញាដោយប្រការទាំងពួង។បេ។ ហើយចូលអាកាសានញ្ចាយតនជ្ឈាន ដរាបនោះដែរ។
ID: 636849161476215197
ទៅកាន់ទំព័រ៖