ព្រះត្រៃបិដក ភាគ ៣២
ដូចជាត្រាច់ទៅ បៀតបៀនសំទូងគេ ដូចជាត្រាច់ទៅសម្លាប់ត្រកូលគេដូច្នោះ ម្នាលអាវុសោអានន្ទ បានជាឥឡូវនេះ ពួកបរិស័ទរបស់អ្នកបាក់បែកអស់ ម្នាលអាវុសោអានន្ទ បរិស័ទទាំងនោះ ច្រើនតែបួសថ្មី រមែងបាក់បែកទៅ ព្រះអានន្ទនេះ នៅក្មេងមិនដឹងប្រមាណឡើយ។
[១៩០] ថុល្លនន្ទាភិក្ខុនី បានឮដំណឹងថា ព្រះមហាកស្សបជាម្ចាស់ បន្ទោសព្រះអានន្ទជាម្ចាស់ ដែលជាអ្នកប្រាជ្ញអាចសម្រេចកិច្ចដោយបញ្ញាបាន ដោយកុមារកវាទហើយ។ ទើបថុល្លនន្ទាភិក្ខុនី មិនពេញចិត្ត ក៏បញ្ចេញនូវវាចាមិនពេញចិត្តថា ព្រះមហាកស្សបជាម្ចាស់ ធ្លាប់ជាអន្យតិរ្ថិយទេដឹង បានជាសំគាល់នូវព្រះអានន្ទជាម្ចាស់ ដែលជាអ្នកប្រាជ្ញអាចសម្រេចកិច្ចដោយបញ្ញាបានថា គួរបន្ទោសដោយកុមារកវាទដូច្នេះ។ ព្រះមហាកស្សបមានអាយុ បានឮវាចាដែលថុល្លនន្ទាភិក្ខុនីពោលនេះហើយ។
ID: 636849165628072669
ទៅកាន់ទំព័រ៖