ព្រះត្រៃបិដក ភាគ ៣២
អាត្មាអញកោរសក់ ពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលមកកាន់ផ្នួស។ ម្នាលអាវុសោ សម័យតមក ខ្លួនខ្ញុំក៏ធ្វើសង្ឃាដិ ដោយសំពត់ចាស់ ហើយកោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលមកកាន់ផ្នួស ឧទ្ទិសចំពោះព្រះអរហន្ត ក្នុងលោក លុះខ្ញុំបួសយ៉ាងនេះហើយ ក៏ដើរទៅកាន់ផ្លូវដាច់ស្រយាល បានឃើញព្រះមានព្រះភាគ គង់នៅ ក្នុងពហុបុត្តចេតិយ ជាចន្លោះនគររាជគ្រឹះ និងចន្លោះស្រុកនាឡន្ទា លុះឃើញហើយ ខ្ញុំក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អើហ្ន៎ ប្រសិនបើអាត្មាអញចួបនឹងបុគ្គលដែលជាគ្រូ ក៏សូមឲ្យចួបតែនឹងព្រះមានព្រះភាគ អើហ្ន៎ ប្រសិនបើអាត្មាអញ បានចួបនឹងបុគ្គល ដែលមានគតិល្អ ក៏សូមឲ្យចួបតែនឹងព្រះមានព្រះភាគ អើហ្ន៎ ប្រសិនបើអាត្មាអញ បានចួបនឹងបុគ្គលដែលត្រាស់ដឹងធម៌ ក៏សូមឲ្យចួបតែនឹងព្រះមានព្រះភាគ។ ម្នាលអាវុសោ ខ្លួនខ្ញុំក៏ក្រាបទៀបបាទាព្រះមានព្រះភាគ ក្នុងទីនោះឯង ដោយសិរ្សៈ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាគ្រូរបស់ខ្ញុំ ខ្ញុំជាសាវ័ករបស់ព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាគ្រូរបស់ខ្ញុំ ខ្ញុំជាសាវ័ករបស់ព្រះអង្គ។
ID: 636849166045476543
ទៅកាន់ទំព័រ៖