ព្រះត្រៃបិដក ភាគ ៣២
[២៦៨] ព្រះអង្គត្រាស់សួរថា ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ដូចម្តេច ចក្ខុទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង ជាទុក្ខ មានកិរិយាប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញនូវរបស់នោះថា នុ៎ះ ជារបស់អាត្មាអញ នុ៎ះ ជាអាត្មាអញ នុ៎ះ ជាខ្លួនរបស់អាត្មាអញ ដែរឬ។ ហេតុនុ៎ះ មិនគួរទេ ព្រះអង្គ។
(បេយ្យាលៈយ៉ាងនេះ)
ព្រះអង្គត្រាស់សួរថា ត្រចៀកទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ... ច្រមុះទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ... អណ្តាតទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ... កាយទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ... ចិត្តទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានកិរិយាប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញនូវរបស់នោះថា នុ៎ះ ជារបស់អាត្មាអញ នុ៎ះ ជាអាត្មាអញ នុ៎ះ ជាខ្លួនរបស់អាត្មាអញ ដែរឬ។ ហេតុនុ៎ះ មិនគួរទេ ព្រះអង្គ។
ID: 636849187655362558
ទៅកាន់ទំព័រ៖