ព្រះត្រៃបិដក ភាគ ៣២
[៣០៧] ព្រះមហាមោគ្គល្លានតបថា ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញអដ្ឋិសង្ខលិក គឺរាងឆ្អឹង កំពុងអណ្តែតទៅក្នុងអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវរាងឆ្អឹងនោះ រាងឆ្អឹងនោះ ក៏ចេះតែស្រែកថ្ងូរ ម្នាលអាវុសោ ទើបខ្ញុំនោះមានសេចក្តីបរិវិតក្កៈថា យីអើ អស្ចារ្យណាស់ យីអើ មិនធ្លាប់កើតមានសោះឡើយ យីអើ សត្វបែបនេះ នឹងត្រឡប់ទៅជាមានខ្លះដែរ យក្ខបែបនេះ នឹងត្រឡប់ទៅជាមានខ្លះដែរ កិរិយាបានអត្តភាពបែបនេះ នឹងត្រឡប់ទៅជាមានខ្លះដែរតើ។
[៣០៨] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកសាវ័កមានចក្ខុកើតពិតហើយ ម្នាលភិក្ខុទាំងឡាយ ពួកសាវ័ក មានញាណកើតពិតហើយ ដ្បិតសាវ័កដឹង ឬឃើញសត្វបែបនេះ ឬថានឹងធ្វើសត្វបែបនេះ ឲ្យជាសាក្សី (ដល់តថាគតបាន)។ ម្នាលភិក្ខុទាំងឡាយ សត្វនោះ តថាគត ធ្លាប់ឃើញមកអំពីមុនដែរ ប៉ុន្តែតថាគត មិនទាន់សំដែង បើតថាគតសំដែងអំពីរឿងសត្វនុ៎ះទៅ ជនទាំងឡាយដទៃ មិនជឿពាក្យតថាគតទេ ជនទាំងឡាយណា មិនជឿពាក្យតថាគត សេចក្តីមិនជឿនោះ របស់ជនទាំងនោះ នឹងនាំឲ្យខានបានប្រយោជន៍ នាំឲ្យបានតែសេចក្តីទុក្ខ អស់កាលជាយូរអង្វែង។
ID: 636849193143616468
ទៅកាន់ទំព័រ៖