ព្រះត្រៃបិដក ភាគ ៣២
[៣១០] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញមំសបិណ្ឌៈ គឺដុំសាច់ កំពុងអណ្តែតទៅលើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវដុំសាច់នោះ ដុំសាច់នោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះជាព្រានបក្សី (អំពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។ ចប់សូត្រទី៣។
[៣១១] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញនិច្ឆវិបុរស គឺបុរសមិនមានស្បែកក្រៅ កំពុងអណ្តែតទៅលើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវនិច្ឆវិបុរសនោះ និច្ឆវិបុរសនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះជាអ្នកសម្លាប់ចៀម (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។ ចប់សូត្រទី៤។
[៣១២] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញអសិលោមបុរស គឺបុរសមានរោមដូចដាវ កំពុងអណ្តែតទៅលើអាកាស ដាវទាំងនោះ របស់បុរសនោះ អណ្តែតធ្លាក់ៗ មកត្រូវកាយរបស់បុរសនោះឯង បុរសនោះ ក៏ចេះតែស្រែកថ្ងូរ។
ID: 636849193733170189
ទៅកាន់ទំព័រ៖