ព្រះត្រៃបិដក ភាគ ៣២
បុគ្គល កាលពោលដោយប្រពៃ គប្បីពោលនូវបុគ្គលណាថា ព្រះសាស្តា ទ្រង់អនុគ្រោះសាវ័ក ដែលដល់នូវអភិញ្ញាធំ គឺអភិញ្ញា៦។ បុគ្គល កាលពោលដោយប្រពៃ គប្បីពោលនូវបុគ្គលនោះថា ព្រះសាស្តា អនុគ្រោះសាវ័ក ដែលបានអភិញ្ញាធំ គឺអភិញ្ញា៦ ដូច្នេះ គឺពោលចំពោះខ្ញុំហ្នឹងឯង។ ចប់សូត្រទី១។
[៣៥៦] សាវត្ថីនិទាន។ ក្នុងទីនោះឯង ព្រះសារីបុត្តមានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុមានអាយុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលពាក្យព្រះសារីបុត្តមានអាយុថា ករុណា អាវុសោ។
[៣៥៧] ព្រះសារីបុត្តមានអាយុ បានពោលពាក្យដូច្នេះថា ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំបាននៅក្នុងទីដ៏ស្ងាត់ សម្ងំនៅ ក៏មានបរិវិតក្កៈ កើតឡើងក្នុងចិត្ត យ៉ាងនេះថា សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង្អៀតចង្អល់ចិត្ត គប្បីកើតឡើង ដល់អាត្មាអញ ព្រោះការប្រែប្រួល និងការផ្លាស់ប្តូរ នៃសត្វនិងសង្ខារណា សត្វនិងសង្ខារនោះ មានតិចតួចក្នុងលោកខ្លះដែរឬ។ ម្នាលអាវុសោ ខ្ញុំនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង្អៀតចង្អល់ចិត្ត មិនគប្បីកើតឡើង ដល់អាត្មាអញ ព្រោះការប្រែប្រួល និងការផ្លាស់ប្តូរ នៃសត្វនិងសង្ខារណា សត្វនិងសង្ខារនោះ មិនមានតិចតួចក្នុងលោកសោះឡើយ។
ID: 636849202712823796
ទៅកាន់ទំព័រ៖