ព្រះត្រៃបិដក ភាគ ៣២
ព្រោះថា អហង្ការ (ទិដ្ឋិ) មមង្ការ (តណ្ហា) និងមានានុស័យ ព្រះសារីបុត្តមានអាយុ បានដកចេញស្រឡះ អស់កាលយូរហើយ ហេតុដូច្នោះ ទើបសេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង្អៀតចង្អល់ចិត្ត មិនកើតឡើង ដល់ព្រះសារីបុត្តមានអាយុ ព្រោះការប្រែប្រួល ការផ្លាស់ប្តូរ នៃព្រះសាស្តាឡើយ។ ចប់សូត្រទី២។
[៣៥៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏ក្នុងសម័យនោះឯង ព្រះសារីបុត្តមានអាយុ និងព្រះមហាមោគ្គល្លានមានអាយុ គង់នៅក្នុងវិហារជាមួយគ្នា
(១) ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះសារីបុត្តមានអាយុ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅរកព្រះមហាមោគ្គល្លានមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមហាមោគ្គល្លានមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។
(១) ក្នុងល្វែងជាមួយគ្នា (អដ្ឋកថា)។
ID: 636849203244984234
ទៅកាន់ទំព័រ៖