ព្រះត្រៃបិដក ភាគ ៣២
ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនុ៎ះឯង មានឫទ្ធិច្រើន មានអានុភាពច្រើន សមាបត្តិណា ដែលភិក្ខុទាំងនោះមិនធ្លាប់ចូល សមាបត្តិនោះ បុគ្គលដទៃ មិនបានដោយងាយឡើយ មួយទៀត ពួកកុលបុត្ត ដែលចេញចាកផ្ទះ ចូលមកកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា ភិក្ខុទាំងនោះ ក៏បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចរិយៈ។
[៣៩៥] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា ត្រាស់ព្រះពុទ្ធដីកានេះហើយ ទើបទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា
ភិក្ខុទាំងនេះ ជាសំឡាញ់នឹងគ្នា ជាអ្នកមានលទ្ធិត្រូវគ្នា ជាយូរហើយ ទាំងព្រះសទ្ធម្ម របស់ភិក្ខុទាំងនោះ ក៏ត្រូវគ្នាក្នុងធម៌ ដែលព្រះពុទ្ធសម្តែងហើយ (ភិក្ខុទាំងនោះ) កប្បិនភិក្ខុ បានទូន្មានហើយ ក្នុងធម៌ដែលព្រះអរិយៈសម្តែងហើយ ភិក្ខុទាំងនោះ ទ្រទ្រង់នូវអត្តភាពជាទីបំផុត បានឈ្នះមារ ព្រមទាំងពាហនៈ។ ចប់សូត្រទី១២។
ចប់ ភិក្ខុសំយុត្ត ទី៩។
ID: 636849209731465239
ទៅកាន់ទំព័រ៖