ព្រះត្រៃបិដក ភាគ ៣២
[៧៩] ម្នាលភិក្ខុទាំងឡាយ បើបឋវីធាតុនេះ មានតែសេចក្តីសុខដោយដាច់ខាត ត្រូវសេចក្តីសុខធ្លាក់តាម មានសេចក្តីសុខចូលមកលុកលុយ ឯសេចក្តីទុក្ខ មិនបានចូលមកលុកលុយទេ ពួកសត្វក៏មិននឿយណាយ ចាកបឋវីធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះបឋវីធាតុជាទុក្ខ ត្រូវសេចក្តីទុក្ខធ្លាក់តាម មានសេចក្តីទុក្ខចូលមកលុកលុយ ឯសេចក្តីសុខ មិនបានចូលមកលុកលុយ មានខ្លះដែរ បានជាសត្វទាំងឡាយ នឿយណាយ ចាកបឋវីធាតុ។ ម្នាលភិក្ខុទាំងឡាយ បើអាបោធាតុនេះ ... ម្នាលភិក្ខុទាំងឡាយ បើតេជោធាតុនេះ... ម្នាលភិក្ខុទាំងឡាយ បើវាយោធាតុនេះ មានតែសេចក្តីសុខដោយដាច់ខាត ត្រូវសេចក្តីសុខធ្លាក់តាម មានសេចក្តីសុខចូលមកលុកលុយ ឯសេចក្តីទុក្ខ មិនបានចូលមកលុកលុយទេ សត្វទាំងឡាយ ក៏មិននឿយណាយ ចាកវាយោធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះវាយោធាតុជាទុក្ខ ត្រូវសេចក្តីទុក្ខធ្លាក់តាម មានសេចក្តីទុក្ខចូលមកលុកលុយ ឯសេចក្តីសុខ មិនបានចូលមកលុកលុយ មានខ្លះដែរ បានជាពួកសត្វ នឿយណាយ ចាកវាយោធាតុ។ ចប់សូត្រទី៥។
ID: 636849129416751500
ទៅកាន់ទំព័រ៖