ព្រះត្រៃបិដក ភាគ ៣២
[៩៦] ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ច្បាស់នូវធម៌ តាមដែលតថាគត សំដែងហើយ យ៉ាងនេះ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ដោយកាលជាអង្វែងនេះ បានផឹកទឹកដោះរបស់មាតា ច្រើនអនេកពិត ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងមែន សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន។បេ។ អ្នកទាំងឡាយ គួរជិនឆ្អន់។ ចប់សូត្រទី៤។
[៩៧] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... គ្រានោះឯង មានភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ។បេ។ លុះភិក្ខុនោះអង្គុយ ក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន កប្បមានកាលវែងប៉ុន្មាន។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ កប្បមានកាលវែងណាស់ កប្បនោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ឬថាប៉ុណ្ណេះរយឆ្នាំ ថាប៉ុណ្ណេះពាន់ឆ្នាំ ឬថាប៉ុណ្ណេះសែនឆ្នាំ បានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គអាចធ្វើពាក្យឧបមាបានឬទេ។
ID: 636849132919301835
ទៅកាន់ទំព័រ៖