ព្រះត្រៃបិដក ភាគ ៣៣
កាលបើយល់ឃើញតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ នូវរបស់នុ៎ះ យ៉ាងនេះហើយ ចិត្តក៏រមែងនឿយណាយ រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។
[៩២] ម្នាលភិក្ខុទាំងឡាយ បើចិត្តរបស់ភិក្ខុ បាននឿយណាយ ក្នុងរូបធាតុ បានរួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំហើយ។ ក្នុងវេទនាធាតុ។ ក្នុងសញ្ញាធាតុ។ ក្នុងសង្ខារធាតុ។ ម្នាលភិក្ខុទាំងឡាយ បើចិត្តរបស់ភិក្ខុ បាននឿយណាយ ក្នុងវិញ្ញាណធាតុ បានរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំហើយ។ ព្រោះហេតុតែរួចស្រឡះចាកអាសវៈ ចិត្តក៏តាំងនៅនឹង ព្រោះហេតុតែតាំងនៅនឹង ចិត្តក៏រីករាយ ព្រោះហេតុតែរីករាយ បុគ្គលរមែងមិនតក់ស្លុត បុគ្គលដែលមិនតក់ស្លុត រមែងរំលត់កិលេសចំពោះខ្លួនឯង។ បុគ្គលនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
ID: 636849845920003142
ទៅកាន់ទំព័រ៖