ព្រះត្រៃបិដក ភាគ ៣៣
[៩៥] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវខន្ធ ទាំង៥ផង នូវឧបាទានក្ខន្ធ ទាំង៥ផង ចូរអ្នកទាំងឡាយ ប្រុងស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ខន្ធទាំង៥ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ រូបណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី។ នេះហៅថា រូបក្ខន្ធ។ វេទនាណាមួយ។ សញ្ញាណាមួយ។ សង្ខារណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី។ នេះហៅថា សង្ខារក្ខន្ធ ។ វិញ្ញាណណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី។ នេះហៅថា វិញ្ញាណក្ខន្ធ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា ខន្ធ៥ ។
ID: 636849847528965169
ទៅកាន់ទំព័រ៖