ព្រះត្រៃបិដក ភាគ ៣៣
មិនទៀងផងហើយ រមែងនឿយណាយក្នុងរូប។ ការអស់ទៅនៃតម្រេក ព្រោះអស់ទៅ នៃសេចក្តីរីករាយ ការអស់ទៅនៃសេចក្តីរីករាយ ព្រោះអស់ទៅ នៃតម្រេក ចិត្តដែលរួចស្រឡះហើយ ព្រោះអស់ទៅ នៃសេចក្តីរីករាយ និងតម្រេក ហៅថា រួចស្រឡះដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរធ្វើទុកក្នុងចិត្ត ចំពោះវេទនា ដោយឧបាយផង ចូរពិចារណាតាមពិត នូវវេទនា ថាមានសេចក្តីមិនទៀងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុធ្វើទុកក្នុងចិត្ត ចំពោះវេទនា ដោយឧបាយ ពិចារណាតាមពិត នូវវេទនា ថាមានសេចក្តីមិនទៀងហើយ រមែងនឿយណាយ ក្នុងវេទនា។ ការអស់ទៅ នៃតម្រេក ព្រោះការអស់ទៅ នៃសេចក្តីរីករាយ ការអស់ទៅនៃសេចក្តីរីករាយ ព្រោះការអស់ទៅ នៃតម្រេក ចិត្តដែលរួចស្រឡះហើយ ព្រោះការអស់ទៅ នៃសេចក្តីរីករាយ និងតម្រេក ហៅថា រួចស្រឡះដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ (អ្នកទាំងឡាយ ចូរធ្វើទុកក្នុងចិត្ត) ចំពោះសញ្ញា។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរធ្វើទុកក្នុងចិត្ត ចំពោះសង្ខារ ដោយឧបាយផង ចូរពិចារណាតាមពិត នូវសង្ខារ ថាមានសេចក្តីមិនទៀងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុធ្វើទុកក្នុងចិត្ត ចំពោះសង្ខារ ដោយឧបាយ ពិចារណាតាមពិត នូវសង្ខារ ថាមានសេចក្តីមិនទៀងហើយ រមែងនឿយណាយ ក្នុងសង្ខារ។
ID: 636849849880809687
ទៅកាន់ទំព័រ៖