ព្រះត្រៃបិដក ភាគ ៣៣
វៀរចាកសង្ខារទាំងឡាយ ក៏គង់តែដឹង នូវដំណើរមក ឬដំណើរទៅ ការឃ្លាត ឬការកើត ការចម្រើន ឬការដុះដាលធំទូលាយ នៃវិញ្ញាណបាន ពាក្យនេះ មិនសមហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ បើសេចក្តីត្រេកអរ ក្នុងរូបធាតុ ភិក្ខុបានលះបង់ហើយ ព្រោះលះបង់ នូវសេចក្តីត្រេកអរហើយ អារម្មណ៍ ក៏ដាច់ចេញ ការទីពឹងរបស់វិញ្ញាណ ក៏មិនមាន។ បើសេចក្តីត្រេកអរ ក្នុងវេទនាធាតុ។ ក្នុងសញ្ញាធាតុ។ ក្នុងសង្ខារធាតុ។ ម្នាលភិក្ខុទាំងឡាយ បើសេចក្តីត្រេកអរ ក្នុងវិញ្ញាណធាតុ ភិក្ខុបានលះបង់ហើយ ព្រោះលះបង់ នូវសេចក្តីត្រេកអរហើយ អារម្មណ៍ ក៏ដាច់ចេញ ការទីពឹងរបស់វិញ្ញាណ ក៏មិនមាន។ វិញ្ញាណនោះ បើឥតមានទីពឹងហើយ ក៏មិនដុះដាលឡើងបានឡើយ សឹងផុតស្រឡះ ព្រោះមិនតាក់តែង នូវបដិសន្ធិទៀត ព្រោះផុតស្រឡះហើយ ក៏រមែងតម្កល់នៅ ព្រោះតម្កល់នៅហើយ ក៏រមែងត្រេកអរ ព្រោះត្រេកអរហើយ ក៏រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុតហើយ ទើបបរិនិព្វានដោយខ្លួនឯង។ ភិក្ខុនោះ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ។បេ។ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
ID: 636849851317541864
ទៅកាន់ទំព័រ៖