ព្រះត្រៃបិដក ភាគ ៣៣
ម្នាលភិក្ខុទាំងឡាយ បើវិញ្ញាណនេះ ជារបស់ខ្លួន វិញ្ញាណនេះ នឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ បុគ្គលគប្បីបាន (នូវអំណាច) ក្នុងវិញ្ញាណថា វិញ្ញាណរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វិញ្ញាណរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ មិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជាវិញ្ញាណ ចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ បុគ្គលមិនបាន (នូវអំណាច) ក្នុងវិញ្ញាណថា វិញ្ញាណរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វិញ្ញាណរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។
[១២៨] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរូបណាមិនទៀង រូបនោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរូបណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា អ្នកទាំងឡាយ គួរយល់ឃើញនូវរូបនោះថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។ មិនគួរយល់ឃើញយ៉ាងនុ៎ះទេ ព្រះអង្គ។ វេទនា។
ID: 636849870596734570
ទៅកាន់ទំព័រ៖