ព្រះត្រៃបិដក ភាគ ៣៣
ម្នាលអាវុសោ ព្រះសាស្តា របស់យើងទាំងឡាយ ទ្រង់ឃើញទោសនេះឯង បានជាទ្រង់ប្រដៅឧបាយ កំចាត់បង់ នូវឆន្ទរាគក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ ព្រះសាស្តា ទ្រង់ប្រដៅឧបាយ កំចាត់បង់ នូវឆន្ទរាគ ក្នុងវិញ្ញាណ។ ម្នាលអាវុសោ កាលបើពួកលោកដោះស្រាយ យ៉ាងនេះហើយ ពួកខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី សមជាសួរប្រស្នា តទៅទៀត ម្នាលអាវុសោ ព្រោះពួកមនុស្សជាបណ្ឌិត តែងពិចារណារកប្រយោជន៍ (តែងសួរថា) ព្រះសាស្តា របស់លោកមានអាយុ ទ្រង់ឃើញអានិសង្ស ដូចម្តេច បានជាប្រដៅឧបាយកំចាត់បង់ នូវឆន្ទរាគ ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ ព្រះសាស្តា ទ្រង់ប្រដៅឧបាយកំចាត់បង់ នូវឆន្ទរាគ ក្នុងវិញ្ញាណ។ ម្នាលអាវុសោ ពួកលោកត្រូវគេសួរយ៉ាងនេះហើយ គួរព្យាករ យ៉ាងនេះថា ម្នាលអាវុសោ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងមិនកើតឡើង ដល់បុគ្គល ដែលប្រាសចាករាគៈ ប្រាសចាកឆន្ទៈ ប្រាសចាកសេចក្តីស្រឡាញ់ ប្រាសចាកសេចក្តីស្រេកឃ្លាន ប្រាសចាកសេចក្តីក្តៅក្រហាយ ប្រាសចាកតណ្ហាក្នុងរូប ព្រោះតែរូបនោះ ប្រែប្រួលទៅ ប្លែកទៅ។
ID: 636849827188501761
ទៅកាន់ទំព័រ៖