ព្រះត្រៃបិដក ភាគ ៣៣
[១៤៦] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ ស្តាប់ធម៌របស់ព្រះមានព្រះភាគហើយ។បេ។ គប្បីសម្រាន្តនៅ។ ម្នាលភិក្ខុ របស់ណាតាំងនៅដោយអាការដែលបុគ្គលគប្បីត្រេកអរ អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងរបស់នោះចេញ។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គយល់ហើយ។ ម្នាលភិក្ខុ ចុះភាសិតដែលតថាគត សំដែងហើយ ដោយសង្ខេប តើអ្នកយល់សេចក្តីដោយពិស្តារ ដូចម្តេចទៅ។ បពិត្រព្រះអង្គដ៏ចំរើន រូបហ្នឹងឯង តាំងនៅដោយអាការ ដែលបុគ្គលគប្បីត្រេកអរ ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងរូបនោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណតាំងនៅដោយអាការដែលបុគ្គលគប្បីត្រេកអរ ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងវិញ្ញាណនោះចេញ។ បពិត្រព្រះអង្គដ៏ចំរើន ភាសិតនេះ ដែលព្រះមានព្រះភាគ សំដែងហើយ ដោយសង្ខេប ខ្ញុំព្រះអង្គយល់សេចក្តីដោយពិស្តារ យ៉ាងនេះឯង។
ID: 636849876593947591
ទៅកាន់ទំព័រ៖