ព្រះត្រៃបិដក ភាគ ៣៣
ម្នាលភិក្ខុ ប្រពៃមែនហើយៗ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ត្រង់ភាសិត ដែលតថាគតសំដែងហើយ ដោយសង្ខេប អ្នកយល់សេចក្តីដោយពិស្តារបាន។ ម្នាលភិក្ខុ រូបហ្នឹងឯង តាំងនៅដោយអាការ ដែលបុគ្គលគប្បីត្រេកអរ អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងរូបនោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណតាំងនៅដោយអាការដែលបុគ្គលគប្បីត្រេកអរ អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងវិញ្ញាណនោះចេញ។ ម្នាលភិក្ខុ ភាសិតនេះ ដែលតថាគត សំដែងហើយ ដោយសង្ខេប អ្នកត្រូវយល់ឃើញសេចក្តីដោយពិស្តារ យ៉ាងនេះឯង។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ជាព្រះអរហន្តមួយអង្គដែរ។
[១៤៧] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ព្រះរាធៈមានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច អហង្ការមានានុស័យ និងមមង្ការមានានុស័យ ចំពោះកាយ ដែលប្រកបដោយវិញ្ញាណនេះផង ចំពោះនិមិត្តទាំងពួងជាខាងក្រៅផង មិនមាន។ ម្នាលរាធៈ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា ឋិតនៅក្នុងទីឆ្ងាយក្តី ទីជិតក្តី
ID: 636849876806379742
ទៅកាន់ទំព័រ៖