ព្រះត្រៃបិដក ភាគ ៣៣
ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះ។ កាលបើចិត្តរួចស្រឡះហើយ ញាណក៏កើតឡើងថា អាត្មាអញ រួចស្រឡះហើយ។ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ លំនៅរបស់សត្វទាំងប៉ុន្មាន ភពដ៏ប្រសើរទាំងប៉ុន្មាន មានតែពួកអរហន្តទេ ដែលជាបុគ្គលខ្ពង់ខ្ពស់ ប្រសើរបំផុត ក្នុងលោក។ ព្រះមានព្រះភាគ ត្រាស់សូត្រនេះចប់ហើយ លុះព្រះសុគត ជាសាស្តា ត្រាស់សូត្រនេះចប់ហើយ ទើបត្រាស់គាថានេះ តទៅទៀតថា
[១៥៣] ពួកអរហន្តមានសេចក្តីសុខណាស់ ពួកអរហន្តទាំងនោះ មិនមានតណ្ហាទេ អស្មិមានះ លោកផ្តាច់បង់ហើយ បណ្តាញ គឺមោហៈ លោកទម្លាយចោលហើយ។ លោកមិនដល់ នូវការញាប់ញ័រ ដោយតណ្ហា និងទិដ្ឋិទេ ចិត្តរបស់អរហន្តទាំងនោះ មិនល្អក់ទេ អរហន្តទាំងនោះ ជាអ្នកប្រសើរ មិនមានអាសវៈ មិនជាប់នៅក្នុងលោក។ លោកមានព្រះសទ្ធម្ម ទាំង៧(១) ជាអារម្មណ៍ ព្រោះកំណត់ដឹង នូវខន្ធទាំង៥
(១) ព្រះសទ្ធម្មទាំង៧នោះ បានដល់ សទ្ធា ហិរិ ឱត្តប្បៈ ពាហុសច្ចៈ វីរិយៈ ឧបដ្ឋិតស្សតិ និងបញ្ញា។ អដ្ឋកថា។
ID: 636849878515977525
ទៅកាន់ទំព័រ៖