ព្រះត្រៃបិដក ភាគ ៣៣
រមែងនឿយណាយ ក្នុងរូបផង ក្នុងវេទនាផង។ ក្នុងសញ្ញាផង។ ក្នុងសង្ខារទាំងឡាយផង។ រមែងនឿយណាយ ក្នុងវិញ្ញាណផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះបាន។ កាលបើចិត្តរួចស្រឡះហើយ ញាណក៏កើតឡើងថា អាត្មាអញ រួចស្រឡះហើយ។ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចារ្យ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ លំនៅរបស់ពួកសត្វទាំងប៉ុន្មាន ភពដ៏ប្រសើរទាំងប៉ុន្មាន មានតែអរហន្ត ជាបុគ្គលខ្ពង់ខ្ពស់ ប្រសើរបំផុត ក្នុងលោកនេះ។
[១៥៥] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ សត្វសីហៈ ជាស្តេចម្រឹគ ចេញអំពីលំនៅ ក្នុងសម័យថ្ងៃរសៀល
ID: 636849879356095577
ទៅកាន់ទំព័រ៖