ព្រះត្រៃបិដក ភាគ ៣៣

 ​[​១៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​ ​ព្រះ​តថាគត​ ​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​បរិបូណ៌​ ​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​ព្រះ​សុគត​ ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ទ្រង់​ប្រសើរ​បំផុត​ ​ជា​សារថី​ទូន្មាន​ ​នូវ​បុរស​ ​ជា​សាស្តាចារ្យ​ ​នៃ​ពួក​ទេវតា​ ​និង​មនុស្ស​ ​ត្រាស់​ដឹង​ ​នូវ​ចតុរារិយសច្ច​ ​លែង​ត្រឡប់​មកកាន់​ភព​ថ្មីទៀត​ ​ទ្រង់​កើតឡើង​ក្នុង​លោក​ ​ព្រះអង្គ​ ​តែង​សម្តែង​ថា​ ​រូប​ដូច្នេះ​ ​ការ​កើត​នៃ​រូប​ ​ដូច្នេះ​ ​សេចក្តី​វិនាស​ ​នៃ​រូប​ដូច្នេះ​ ​វេទនា​ ​ដូច្នេះ​។​ ​សញ្ញា​ដូច្នេះ​។​ ​សង្ខារ​ទាំងឡាយ​ ​ដូច្នេះ​។​ ​វិញ្ញាណ​ដូច្នេះ​ ​ការ​កើត​នៃ​វិញ្ញាណ​ ​ដូច្នេះ​ ​សេចក្តី​វិនាស​ ​នៃ​វិញ្ញាណ​ ​ដូច្នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ទេវតា​ណា​ ​ដែល​មាន​អាយុវែង​ ​មាន​ពណ៌​សម្បុរ​ច្រើន​ ​ដោយ​សេចក្តី​សុខ​ ​ឋិតនៅ​លើ​វិមាន​ដ៏​ខ្ពស់​ ​អស់​កាលយូរ​ ​ពួក​ទេវតា​នោះ​ ​បាន​ស្តាប់ធម៌​ទេសនា​ ​របស់​ព្រះ​តថាគត​ហើយ​ ​ច្រើនតែ​ដល់​ ​នូវ​សេចក្តី​ភិតភ័យ​ ​តក់ស្លុត​ ​ញ័រចំប្រប់​ ​ដោយ​គិតថា​ ​អើហ្ន៎​ ​យើង​ទាំងឡាយ​ ​មិន​ទៀង​ទេតើ​ ​ប៉ុន្តែ​យើង​សំគាល់​ថា​ទៀង​ ​អើហ្ន៎​ ​យើង​ទាំងឡាយ​ ​មិន​ឋិតថេរ​ទេតើ​ ​ប៉ុន្តែ​យើង​សំគាល់​ថា​ឋិតថេរ​ ​អើហ្ន៎​ ​យើង​ទាំងឡាយ​ ​មិនកំណត់​ទេតើ​ ​ប៉ុន្តែ​យើង​សំគាល់​ថា​កំណត់​ ​អើហ្ន៎​ ​យើង​ទាំងឡាយ​ ​មិន​ទៀង​ ​មិន​ឋិតថេរ​ ​មិនកំណត់​ទេ​ ​ប៉ុន្តែ​យើង​រាប់អាន​ព្រោះ​សក្កា​យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​មាន​ឫទ្ធិ​ច្រើន​ ​យ៉ាងនេះ​ ​
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 636849879711735919
ទៅកាន់ទំព័រ៖