ព្រះត្រៃបិដក ភាគ ៣៣
ដូចជាហ្វូងម្រឹគខ្លាចសីហៈ។ សត្វទាំងឡាយ មិនទាន់លះបង់ នូវសក្កាយ បានស្តាប់ពាក្យរបស់ព្រះអរហន្តសម្មាសម្ពុទ្ធ មានចិត្តផុតស្រឡះ ប្រកបដោយតាទិគុណថា អើហ្ន៎ យើងទាំងឡាយ មិនទៀងទេ ដូច្នេះ។
[១៥៨] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកសមណៈ ឬព្រាហ្មណ៍ណាមួយ រឭកឃើញ រមែងរឭកឃើញ នូវបុព្វេនិវាស មានប្រការផ្សេងៗ ពួកសមណព្រាហ្មណ៍ទាំងអស់នោះ រមែងរឭកឃើញ នូវឧបាទានក្ខន្ធទាំង៥ ឬបណ្តាឧបាទានក្ខន្ធទាំង៥នុ៎ះ រឭកឃើញនូវឧបាទានក្ខន្ធណាមួយ។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាលបើសមណព្រាហ្មណ៍ រឭកឃើញ រមែងរឭកឃើញនូវរូប ដូច្នេះថា អាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាលជាអតីត។ ម្នាលភិក្ខុទាំងឡាយ កាលបើសមណព្រាហ្មណ៍ រឭកឃើញ រមែងឃើញនូវវេទនា ដូច្នេះថា អាត្មាអញ មានវេទនាយ៉ាងនេះ ក្នុងកាលជាអតីត។ អាត្មាអញ មានសញ្ញាយ៉ាងនេះ ក្នុងកាលជាអតីត។ អាត្មាអញ មានសង្ខារយ៉ាងនេះ ក្នុងកាលជាអតីត។ ម្នាលភិក្ខុទាំងឡាយ កាលបើសមណព្រាហ្មណ៍ រឭកឃើញ រមែងរឭកឃើញនូវវិញ្ញាណ ដូច្នេះថា អាត្មាអញ មានវិញ្ញាណយ៉ាងនេះ ក្នុងកាលជាអតីត។
ID: 636849880199083793
ទៅកាន់ទំព័រ៖