ព្រះត្រៃបិដក ភាគ ៣៣
អរិយសាវ័ក រំលត់ចោល មិនបង្កាត់ឲ្យឆេះនូវវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័កអ្នកចេះដឹង បានឃើញយ៉ាងនេះ រមែងនឿយណាយ ក្នុងរូបផង។ ក្នុងវេទនាផង។ ក្នុងសញ្ញាផង។ ក្នុងសង្ខារទាំងឡាយផង។ នឿយណាក្នុងវិញ្ញាណផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ចិត្តរមែងរួចស្រឡះបាន។ កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តរបស់អាត្មាអញ រួចស្រឡះហើយ។ អរិយសាវ័ក រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគតពោលថា ភិក្ខុមិនសន្សំ មិនធ្វើឲ្យវិនាសទេ តែឈ្មោះថា អ្នកធ្វើឲ្យវិនាស ភិក្ខុមិនលះបង់ មិនប្រកាន់ទេ តែឈ្មោះថា អ្នកលះបង់ ភិក្ខុមិនបាចសាចចោល មិនប្រមូលទេ តែឈ្មោះថា អ្នកបាចសាចចោល ភិក្ខុមិនរំលត់ចោល មិនបង្កាត់ទេ តែឈ្មោះថា អ្នករំលត់ចោល។
ID: 636849881809095881
ទៅកាន់ទំព័រ៖