ព្រះត្រៃបិដក ភាគ ៣៣
សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស ឧបាយាស ធ្លាក់ចុះក្នុងសេចក្តីទុក្ខ ត្រូវទុក្ខបៀតបៀន ដូចម្តេចហ្ន៎ នឹងធ្វើឲ្យដល់ទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តនេះ ដែលបួសយ៉ាងនេះហើយ ក៏កុលបុត្តនោះ ជាអ្នកច្រើនដោយអភិជ្ឈា មានតម្រេកដ៏ក្លៀវក្លា ក្នុងកាមទាំងឡាយ មានចិត្តព្យាបាទ មានសេចក្តីត្រិះរិះ ក្នុងចិត្តដ៏អាក្រក់ ភ្លេចស្មារតី មិនមានសម្បជញ្ញៈ មានចិត្តមិននឹងធឹង មានចិត្តរវើរវាយ មានឥន្ទ្រិយនៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ ដូចអង្កត់ឧស ដែលគេដុតខ្មោចស្រស់ ភ្លើងឆេះទាំងសងខាង ត្រង់កណ្តាលប្រឡាក់ដោយគូថ (អាចម៍) មិនផ្សាយទៅ ដើម្បីជាឧសក្នុងស្រុក មិនផ្សាយទៅ ដើម្បីជាឧសក្នុងព្រៃឡើយ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅបុគ្គលនេះ ថាជាអ្នកសាបសូន្យចាកភោគៈ របស់គ្រហស្ថផង មិនបំពេញប្រយោជន៍ របស់សមណៈផង មានឧបមេយ្យ ដូចយ៉ាងអង្កត់ឧស ដូច្នោះឯង។
ID: 636849883277259855
ទៅកាន់ទំព័រ៖