ព្រះត្រៃបិដក ភាគ ៣៣
[១៣] ម្នាលគហបតី ចុះព្រះតថាគត មិនមានការអន្ទោលទៅរកផ្ទះ តើដូចម្តេច។ ម្នាលគហបតី សេចក្តីប៉ុនប៉ង តម្រេក សេចក្តីរីករាយ សេចក្តីប្រាថ្នាណា ក្នុងរូបធាតុ មួយទៀត ឧបាយ
(១) និង ឧបាទាន
(២) ណា ដែលជាទីឈរ ជាទីអង្គុយ ជាទីដេក របស់អកុសលចិត្ត ធម៌ទាំងនោះ ព្រះតថាគត បានលះបង់ហើយ បានគាស់រំលើងគល់អស់ហើយ បានធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាពមិនកើតតទៅ ព្រោះហេតុនោះ បានជាគេហៅថា ព្រះតថាគត មិនមានការអន្ទោលទៅរកផ្ទះ។ ម្នាលគហបតី ក្នុងវេទនាធាតុ។ ម្នាលគហបតី ក្នុងសញ្ញាធាតុ។ ម្នាលគហបតី ក្នុងសង្ខារធាតុ។ ម្នាលគហបតី សេចក្តីប៉ុនប៉ង តម្រេក សេចក្តីរីករាយ សេចក្តីប្រាថ្នាណា ក្នុងវិញ្ញាណធាតុ មួយទៀត ឧបាយ និងឧបាទានណា ដែលជាទីឈរ ជាទីអង្គុយ ជាទីដេក របស់អកុសលចិត្ត ធម៌ទាំងនោះ ព្រះតថាគត បានលះបង់ចោលហើយ បានគាស់រំលើងគល់អស់ហើយ បានធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព ជាសភាពមិនកើតតទៅ ព្រោះហេតុនោះ បានជាគេហៅថា ព្រះតថាគត
(១) ឧបាយពីរ គឺតណ្ហា១ ទិដ្ឋិ១។ (២) ឧបាទាន៤ មានកាមុបាទានជាដើម (អដ្ឋកថា)។
ID: 636849828484945914
ទៅកាន់ទំព័រ៖