ព្រះត្រៃបិដក ភាគ ៣៣
ម្នាលភិក្ខុ កាលបុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ទើបអនុស័យ គឺសេចក្តីប្រកាន់អហង្ការ មមង្ការ មិនមានក្នុងកាយ ដែលប្រកបដោយវិញ្ញាណនេះ និងក្នុងនិមិត្តទាំងពួងជាខាងក្រៅ។
[១៩២] សម័យនោះឯង ភិក្ខុមួយរូប មានគំនិតត្រិះរិះកើតឡើង យ៉ាងនេះថា ឱហ្ន៎ រូបជាអនត្តា។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ជាអនត្តា កម្មទាំងឡាយ ដែលអនត្តាធ្វើហើយ គង់នឹងបាននូវអត្តា ព្រោះកម្ម។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបគំនិតត្រិះរិះក្នុងចិត្ត របស់ភិក្ខុនោះហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ រមែងមានជាប្រាកដ ត្រង់ដែល មោឃបុរសពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបដោយអវិជ្ជា មានចិត្តលុះក្នុងអំណាចតណ្ហា មុខជាសំគាល់នូវសាសនានៃព្រះសាស្តា ដែលខ្លួនត្រូវកាន់ថា ឱហ្ន៎ រូបជាអនត្តា។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណជាអនត្តា កម្មទាំងឡាយ ដែលអនត្តាធ្វើហើយ គង់នឹងបាននូវអត្តា ព្រោះកម្ម។ ម្នាលភិក្ខុទាំងឡាយ ការបុច្ឆាតបពាក្យសួរ តថាគតបានពន្យល់ហើយ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ យល់សេចក្តីនោះ ក្នុងធម៌ទាំងនោះ ក្នុងទីនោះៗ ថាដូចម្តេច ម្នាលភិក្ខុទាំងឡាយ រូបទៀង ឬមិនទៀង។
ID: 636849888439865139
ទៅកាន់ទំព័រ៖