ព្រះត្រៃបិដក ភាគ ៣៣
ម្នាលតិស្សៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច កាលបើបុគ្គល មានតម្រេកមិនទាន់ទៅប្រាស មានសេចក្តីពេញចិត្តមិនទាន់ទៅប្រាស មានសេចក្តីស្រឡាញ់មិនទាន់ទៅប្រាស មានសេចក្តីស្រេកឃ្លានមិនទាន់ទៅប្រាស មានសេចក្តីក្រហល់ក្រហាយមិនទាន់ទៅប្រាស មានតណ្ហាមិនទាន់ទៅប្រាសចាករូបទេ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ការតានតឹង ក្នុងចិត្តទាំងឡាយ តែងកើតឡើង ព្រោះសេចក្តីប្រែប្រួលទៅជាយ៉ាងដទៃ នៃរូបនោះឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលតិស្សៈ ប្រពៃហើយ ប្រពៃហើយ ម្នាលតិស្សៈ កាលបើបុគ្គលមានតម្រេកមិនទាន់ទៅប្រាសចាករូប យ៉ាងណា ដំណើរនុ៎ះ រមែងមាន យ៉ាងនុ៎ះឯង។ កាលបើបុគ្គលមានតម្រេកមិនទាន់ទៅប្រាសចាកវេទនា។ ចាកសញ្ញា។ ចាកសង្ខារទាំងឡាយ។បេ។ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ការតានតឹងក្នុងចិត្តទាំងឡាយ តែងកើតឡើង ព្រោះសេចក្តីប្រែប្រួលទៅជាយ៉ាងដទៃ នៃសង្ខារទាំងនោះឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលតិស្សៈ ប្រពៃហើយ ប្រពៃហើយ ម្នាលតិស្សៈ កាលបើបុគ្គលមានតម្រេកមិនទាន់ទៅប្រាស ចាកសង្ខារទាំងឡាយ យ៉ាងណា ដំណើរនុ៎ះ រមែងមាន យ៉ាងនុ៎ះឯង។
ID: 636849889962132208
ទៅកាន់ទំព័រ៖