ព្រះត្រៃបិដក ភាគ ៣៣
នូវវិញ្ញាណមានបច្ច័យតាក់តែងថា វិញ្ញាណមានបច្ច័យតាក់តែងមែន។ ដឹងច្បាស់តាមសេចក្តីពិត នូវរូបជាអ្នកសម្លាប់ថា រូបជាអ្នកសម្លាប់មែន។ ដឹងច្បាស់តាមសេចក្តីពិត នូវវេទនាជាអ្នកសម្លាប់។ នូវសញ្ញាជាអ្នកសម្លាប់។ នូវសង្ខារទាំងឡាយជាអ្នកសម្លាប់ថា សង្ខារទាំងឡាយជាអ្នកសម្លាប់មែន។ ដឹងច្បាស់តាមសេចក្តីពិត នូវវិញ្ញាណជាអ្នកសម្លាប់ថា វិញ្ញាណជាអ្នកសម្លាប់មែន។ អរិយសាវ័កនោះ ក៏មិនចូលទៅជិត មិនប្រកាន់ខ្ជាប់ មិនតាំងចិត្តស៊ប់ នូវរូប ថាជាខ្លួនរបស់អញ។ មិនចូលទៅជិត មិនប្រកាន់ខ្ជាប់ មិនតាំងចិត្តស៊ប់ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ ថាជាខ្លួនរបស់អញ។ ឧបាទានក្ខន្ធ ទាំង៥នេះ ដែលអរិយសាវ័កនោះ មិនចូលទៅជិត មិនប្រកាន់ខ្ជាប់ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលជាអង្វែង។ យមកភិក្ខុតបថា ម្នាលអាវុសោ សារីបុត្ត សេចក្តីនុ៎ះ យ៉ាងហ្នឹងមែនហើយ បណ្តាលោកមានអាយុទាំងឡាយណា លោកមានអាយុទាំងឡាយនោះ ប្រាកដដូចជាលោកម្ចាស់ ឈ្មោះថា ជាសព្រហ្មចារី ជាអ្នកអនុគ្រោះ ចង់ឲ្យបានប្រយោជន៍ ជាអ្នកឲ្យឱវាទ ជាអ្នកប្រៀនប្រដៅមែន ឯចិត្តរបស់ខ្ញុំ រួចចាកអាសវៈ មិនប្រកាន់មាំហើយ ព្រោះបានស្តាប់ធម្មទេសនានេះ របស់ព្រះសារីបុត្តមានអាយុ។
ID: 636849893659923709
ទៅកាន់ទំព័រ៖