ព្រះត្រៃបិដក ភាគ ៣៣
ម្នាលវក្កលិ ខ្លួនអ្នកមិនតិះដៀលអ្នកឯង ដោយសីលទេឬ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្លួនខ្ញុំមិនតិះដៀលខ្ញុំព្រះអង្គដោយសីលទេ។ ម្នាលវក្កលិ បើខ្លួនអ្នកមិនតិះដៀលអ្នកឯង ដោយសីលទេ ចុះអ្នកឯងរង្កៀស ដូចម្តេច ក្តៅក្រហាយ ដូចម្តេច។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ចង់ចូលទៅចួបព្រះមានព្រះភាគ តាំងពីយូរយារហើយ ប៉ុន្តែខ្ញុំព្រះអង្គមិនមានកម្លាំងកាយ ល្មមចូលទៅចួបព្រះមានព្រះភាគបានសោះឡើយ។ កុំឡើយ វក្កលិ ប្រយោជន៍អ្វី ដោយកាយសម្អុយ ដែលអ្នកឃើញហើយនេះ។ ម្នាលវក្កលិ បុគ្គលណាមួយ ឃើញធម៌ បុគ្គលនោះ ឈ្មោះថា ឃើញតថាគត បុគ្គលណា ឃើញតថាគត បុគ្គលនោះ ឈ្មោះថា ឃើញធម៌។ ម្នាលវក្កលិ ព្រោះថា កាលបើបុគ្គលឃើញធម៌ ឈ្មោះថា ឃើញតថាគត កាលបើបុគ្គលឃើញតថាគត ឈ្មោះថា ឃើញធម៌។ ម្នាលវក្កលិ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬ មិនទៀង។
ID: 636849895905402143
ទៅកាន់ទំព័រ៖