ព្រះត្រៃបិដក ភាគ ៣៣
បពិត្រព្រះអង្គដ៏ចម្រើន មិនទៀងទេ។ ចុះរបស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចម្រើន ជាទុក្ខ។ ចុះរបស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា របស់នោះ គួរដើម្បីយល់ឃើញថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញដែរឬ។ បពិត្រព្រះអង្គដ៏ចម្រើន មិនគួរដើម្បីយល់ឃើញយ៉ាងនោះទេ។ វេទនា ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណ ទៀង ឬ មិនទៀង ។ បពិត្រព្រះអង្គដ៏ចម្រើន មិនទៀងទេ ។បេ។ នុ៎ះជាខ្លួនអញដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន មិនគួរដើម្បីយល់ឃើញយ៉ាងនោះទេ ។ ព្រោះហេតុនោះ អរិយសាវ័កក្នុងសាសនានេះ ។បេ។ យល់ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ទូន្មានព្រះវក្កលិ មានអាយុ ដោយព្រះឱវាទនេះហើយ ក៏ក្រោកចាកអាសនៈ ស្តេចចេញទៅកាន់ភ្នំ គិជ្ឈកូដ ។
ID: 636849896077491986
ទៅកាន់ទំព័រ៖