ព្រះត្រៃបិដក ភាគ ៣៣
លុះទេវតាមួយអង្គ ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វក្កលិភិក្ខុ កំពុងត្រិះរិះ ដើម្បីមគ្គវិមោក្ខ។ ទេវតាមួយអង្គទៀត ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វក្កលិភិក្ខុនោះ ជាអ្នកចង់រួចស្រឡះ ចាកកិលេស មុខជានឹងរួចដោយពិត។ ទេវតាទាំងនោះ បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ ក៏អភិវាទព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយបាត់ទៅ ក្នុងទីនោះឯង។
[២១៨] លុះរាត្រីនោះ កន្លងទៅហើយ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរអ្នកទាំងឡាយ ចូលទៅរកវក្កលិភិក្ខុ លុះចូលទៅដល់ហើយ ត្រូវប្រាប់វក្កលិភិក្ខុ យ៉ាងនេះថា ម្នាលអាវុសោវក្កលិ ចូរអ្នកស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគ និងពាក្យរបស់ទេវតាទាំងពីរអង្គ ម្នាលអាវុសោ ដ្បិតយប់មិញនេះ កាលដែលរាត្រី (បឋមយាម) កន្លងហើយ ទេវតាពីរអង្គ មានរស្មីដ៏រុងរឿង ញុំាងភ្នំគិជ្ឈកូដទាំងមូលឲ្យភ្លឺ ចូលមកគាល់ព្រះមានព្រះភាគ លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ ម្នាលអាវុសោ លុះទេវតាមួយអង្គ ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា
ID: 636849896533318058
ទៅកាន់ទំព័រ៖