ព្រះត្រៃបិដក ភាគ ៣៣
[២២៣] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្តេចចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយស្តេចទៅរកព្រះអស្សជិមានអាយុ។ ព្រះអស្សជិមានអាយុ ក៏បានឃើញព្រះមានព្រះភាគ កំពុងតែស្តេចមកពីចម្ងាយ លុះឃើញហើយ ក៏សំដែងកិរិយាតតេះតតះលើគ្រែ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអស្សជិមានអាយុ ដូច្នេះថា ណ្ហើយ អស្សជិ អ្នកកុំសំដែងកិរិយាតតេះតតះលើគ្រែឡើយ នេះអាសនៈទាំងឡាយ ដែលគេតែងតាំងបម្រុងទុក មានស្រាប់ហើយ តថាគត នឹងអង្គុយលើអាសនៈនោះ។ ព្រះមានព្រះភាគ គង់លើអាសនៈ ដែលគេតែងតាំងបម្រុងទុក។ លុះព្រះមានព្រះភាគ គង់ស្រេចហើយ ទ្រង់ត្រាស់សួរព្រះអស្សជិមានអាយុ ដូច្នេះថា ម្នាលអស្សជិ អ្នកល្មមអត់ធន់បានខ្លះឬ អ្នកល្មមប្រព្រឹត្តទៅបានខ្លះឬ។បេ។ សេចក្តីធូរថយ ប្រាកដ មិនចម្រើនឡើងទេឬ។ ព្រះអស្សជិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ អត់ធន់មិនបានទេ ខ្ញុំព្រះអង្គ ប្រព្រឹត្តទៅមិនបានទេ។បេ។ សេចក្តីចម្រើនប្រាកដឡើង មិនធូរថយទេ។
ID: 636849898404455081
ទៅកាន់ទំព័រ៖