ព្រះត្រៃបិដក ភាគ ៣៣
ម្នាលអស្សជិ អ្នកមិនមានសេចក្តីរង្កៀសបន្តិចបន្តួចទេឬ អ្នកមិនមានសេចក្តីក្តៅក្រហាយអ្វីទេឬ។ ព្រះករុណា ព្រះអង្គ ខ្ញុំព្រះអង្គ មានសេចក្តីរង្កៀសជាច្រើន មានសេចក្តីក្តៅក្រហាយជាច្រើន។ ម្នាលអស្សជិ ចុះខ្លួនមិនតិះដៀលអ្នកឯង ដោយសីលទេឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្លួន (របស់ខ្ញុំព្រះអង្គ) មិនតិះដៀលខ្ញុំព្រះអង្គ ដោយសីលទេ។ ម្នាលអស្សជិ បើខ្លួនមិនតិះដៀលអ្នកឯង ដោយសីលទេ ចុះអ្នកឯងមានសេចក្តីរង្កៀសដូចម្តេច មានសេចក្តីក្តៅក្រហាយដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលមុន ខ្ញុំព្រះអង្គរម្ងាប់នូវសេចក្តីលំបាក ក្នុងកាយសង្ខារ (អស្សាសប្បស្សាសៈ) ក៏ខ្ញុំព្រះអង្គ នៅតែមិនបានសមាធិ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គ មិនបានសមាធិនោះហើយ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា អញមិនសាបសូន្យ (ចាកសាសនា) ទេ។ ម្នាលអស្សជិ ពួកសមណព្រាហ្មណ៍ណា ក៏ដោយ ដែលមានសមាធិជាខ្លឹម មានសមាធិជាសាមញ្ញផល កាលបើសមណព្រាហ្មណ៍ទាំងនោះ មិនបានសមាធិនោះហើយ ក៏រមែងមានសេចក្តីត្រិះរិះ យ៉ាងនេះថា យើងមិនសាបសូន្យ (ចាកសាសនា)ទេ។ ម្នាលអស្សជិ អ្នកយល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។
ID: 636849898579845113
ទៅកាន់ទំព័រ៖