ព្រះត្រៃបិដក ភាគ ៣៣
ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេចខ្លះ។ គឺ រូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ក្នុងឧបាទានក្ខន្ធ ទាំង៥នេះ ព្រះខេមកៈមានអាយុ យល់ឃើញរបស់អ្វីបន្តិចបន្តួច ថាជាខ្លួន ឬថាជាបរិក្ខាររបស់ខ្លួនដែរឬ។ ព្រះទាសកៈមានអាយុ ទទួលស្តាប់ពាក្យរបស់ភិក្ខុទាំងឡាយជាថេរៈថា ករុណា អាវុសោ ហើយក៏ចូលទៅរកព្រះខេមកៈមានអាយុ។បេ។ អាវុសោខេមកៈ ព្រះថេរៈទាំងឡាយ ប្រាប់លោកយ៉ាងនេះថា អាវុសោ ឧបាទានក្ខន្ធ ទាំង៥នេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេចខ្លះ។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ក្នុងឧបាទានក្ខន្ធ ទាំង៥នេះ ព្រះខេមកៈមានអាយុ យល់ឃើញរបស់អ្វីបន្តិចបន្តួច ថាជាខ្លួន ឬថាជាបរិក្ខារ របស់ខ្លួនដែរឬ។ ព្រះខេមកៈពោលថា អាវុសោ ឧបាទានក្ខន្ធ ទាំង៥នេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេចខ្លះ។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ អាវុសោ ក្នុងឧបាទានក្ខន្ធ ទាំង៥នេះ ខ្ញុំមិនយល់ឃើញរបស់អ្វីបន្តិចបន្តួច ថាជាខ្លួន ឬថាជាបរិក្ខារ របស់ខ្លួនឡើយ។
ID: 636849899569351709
ទៅកាន់ទំព័រ៖