ព្រះត្រៃបិដក ភាគ ៣៣
[២២៨] លំដាប់នោះ ព្រះទាសកៈមានអាយុ ចូលទៅរកភិក្ខុទាំងឡាយ ជាថេរៈ លុះចូលទៅដល់ហើយ ក៏ពោលនឹងភិក្ខុទាំងឡាយ ជាថេរៈដូច្នេះថា ម្នាលអាវុសោទាំងឡាយ ខេមកភិក្ខុ ពោលយ៉ាងនេះថា អាវុសោ ឧបាទានក្ខន្ធ ទាំង៥នេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេចខ្លះ។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ អាវុសោ ក្នុងឧបាទានក្ខន្ធទាំង៥ នេះឯង ខ្ញុំមិនយល់ឃើញរបស់អ្វីបន្តិចបន្តួច ថាជារបស់ខ្លួន ឬថាជាបរិក្ខារ របស់ខ្លួនទេ ទាំងខ្ញុំ ក៏មិនមែនជាអរហន្ត ខីណាស្រពដែរ អាវុសោ ខ្ញុំគ្រាន់តែប្រកាន់ថា អញមានក្នុងឧបាទានក្ខន្ធ ទាំង៥ប៉ុណ្ណោះ តែខ្ញុំមិនយល់ឃើញថា ឧបាទានក្ខន្ធទាំង៥ នេះជាអញឡើយ។ ព្រះថេរៈទាំងឡាយពោលថា អាវុសោទាសកៈ ចូរលោកមកអាយ ចូរលោកទៅរកខេមកភិក្ខុ លុះចូលទៅដល់ហើយ ចូរពោលនឹងខេមកភិក្ខុ យ៉ាងនេះថា អាវុសោខេមកៈ ព្រះថេរៈទាំងឡាយ សួរលោកយ៉ាងនេះថា អាវុសោខេមកៈ ដែលលោកហៅថា អញនុ៎ះ តើលោកហៅអ្វី ថាជាអញ។ លោកហៅរូប ថាជាអញឬ។ ឬលោកហៅរបស់ដទៃអំពីរូប ថាជាអញ។ លោកហៅវេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ លោកហៅវិញ្ញាណ ថាជាអញឬ។បេ។ ឬលោកហៅរបស់ដទៃអំពីវិញ្ញាណ ថាជាអញ។
ID: 636849900149284879
ទៅកាន់ទំព័រ៖