ព្រះត្រៃបិដក ភាគ ៣៣
អាវុសោខេមកៈ ដែលលោកហៅថា ជាអញនុ៎ះ តើលោកហៅអ្វីថាជាអញ។ ព្រះទាសកៈមានអាយុ ទទួលស្តាប់ពាក្យរបស់ភិក្ខុទាំងឡាយ ជាថេរៈថា ករុណា អាវុសោ ហើយចូលទៅរកព្រះខេមកៈមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលនឹងព្រះខេមកៈមានអាយុ ដូច្នេះថា អាវុសោខេមកៈ ព្រះថេរៈទាំងឡាយ សួរលោកយ៉ាងនេះថា អាវុសោខេមកៈ ដែលលោកហៅថា អញនុ៎ះ តើលោកហៅអ្វី ថាជាអញ។ លោកហៅរូបថា ជាអញឬ។ ឬលោកហៅរបស់ដទៃអំពីរូបថាជាអញ។ លោកហៅវេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ លោកហៅវិញ្ញាណ ថាជាអញឬ។ ឬលោកហៅរបស់ដទៃអំពីវិញ្ញាណ ថាជាអញ។ អាវុសោខេមកៈ ដែលលោកហៅថាជាអញនុ៎ះ តើលោកហៅអ្វីថាជាអញ។ ព្រះខេមកៈពោលថា កុំឡើយ អាវុសោទាសកៈ ប្រយោជន៍អ្វី ដោយការត្រឡប់ទៅ ត្រឡប់មកនេះ អាវុសោ ចូរលោកហុចឈើច្រត់មក ខ្ញុំឯងនឹងចូលទៅរកភិក្ខុទាំងឡាយជាថេរៈ។
ID: 636849900357126767
ទៅកាន់ទំព័រ៖