ព្រះត្រៃបិដក ភាគ ៣៣
កាលបើលោកពិចារណាឃើញ នូវសេចក្តីកើត និងសេចក្តីរលត់ ក្នុងឧបាទានក្ខន្ធ ទាំង៥ហើយ មានះថាជាអញ ឆន្ទៈថាជាអញ អនុស័យថាជាអញ ជាកិលេសយ៉ាងល្អិត ក្នុងឧបាទានក្ខន្ធ ទាំង៥ ដែលលោកគាស់រំលើងមិនទាន់បាននៅឡើយ ក៏ដល់នូវកិរិយាគាស់រំលើងឡើងបានយ៉ាងនោះឯង។
[២៣០] លុះព្រះខេមកៈពោលយ៉ាងនេះហើយ ភិក្ខុទាំងឡាយជាថេរៈ ក៏ពោលនឹងព្រះខេមកៈមានអាយុ ដូច្នេះថា យើងទាំងឡាយ មិនសួរព្រះខេមកៈមានអាយុ ព្រោះប្រាថ្នានឹងបៀតបៀនទេ បានជាសួរ (ដោយយល់ឃើញថា) ព្រះខេមកៈមានអាយុ អាចនឹងប្រាប់ សំដែង បញ្ញត្ត តែងតាំង បើក ចែក ធ្វើឲ្យរាក់ នូវសាសនា របស់ព្រះមានព្រះភាគ អង្គនោះ ដោយពិស្តារបាន ដូចជាសាសនារបស់ព្រះមានព្រះភាគ អង្គនោះ ដែលព្រះខេមកៈមានអាយុ បានប្រាប់ បានសំដែង បានបញ្ញត្ត បានតែងតាំង បានបើក បានចែក បានធ្វើឲ្យរាក់ហើយ ដោយសេចក្តីពិស្តារនេះឯង។ ព្រះខេមកៈមានអាយុ បានពោលភាសិតនេះចប់ហើយ។
ID: 636849901532944020
ទៅកាន់ទំព័រ៖