ព្រះត្រៃបិដក ភាគ ៣៣
[២៣៨] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវសេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ។បេ។ កាលបើភិក្ខុឃើញយ៉ាងនេះ។បេ។ រមែងដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[២៣៩] ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលពោលទាស់នឹងសត្វលោកទេ។ ម្នាលភិក្ខុទាំងឡាយ តែសត្វលោកតែងពោលទាស់នឹងតថាគត។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាធម្មវាទី រមែងមិនពោលទាស់នឹងបុគ្គលនីមួយក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ របស់ណា ដែលបណ្ឌិតសន្មតហើយថា មិនមានក្នុងលោក តថាគត ក៏ពោលនូវរបស់នោះថា មិនមានដែរ។ ម្នាលភិក្ខុទាំងឡាយ របស់ណា ដែលបណ្ឌិតសន្មតហើយថា មានក្នុងលោក តថាគត ក៏ពោលនូវរបស់នោះថា មានដែរ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវរបស់ណា ថាមិនមាន ចុះរបស់នោះ ដូចម្តេច ដែលបណ្ឌិតសន្មតហើយថា មិនមានក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ រូបដែលទៀងទាត់
ID: 636849904399107955
ទៅកាន់ទំព័រ៖