ព្រះត្រៃបិដក ភាគ ៣៣
ឋិតថេរ មិនប្រែប្រួលជាធម្មតា ដែលបណ្ឌិតសន្មតថា មិនមានក្នុងលោក តថាគត ក៏ពោលនូវរូបនោះថា មិនមានដែរ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ដែលបណ្ឌិតសន្មតថា មិនមានក្នុងលោក តថាគត ក៏ពោលនូវវិញ្ញាណនោះថា មិនមានដែរ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវរបស់ណា ថាមិនមាន របស់នោះឯង ក៏បណ្ឌិតសន្មតថា មិនមានក្នុងលោកដែរ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវរបស់ណា ថាមាន ចុះរបស់នោះ ដូចម្តេច ដែលបណ្ឌិតសន្មតថាមានក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង ជាទុក្ខ ប្រែប្រួលជាធម្មតា ដែលបណ្ឌិតសន្មតថា មានក្នុងលោក តថាគត ក៏ពោលនូវរូបនោះថា មានដែរ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ មិនទៀង ជាទុក្ខ ប្រែប្រួលជាធម្មតា ដែលបណ្ឌិតសន្មតថា មានក្នុងលោក តថាគត ក៏ពោលនូវវិញ្ញាណនោះ ថាមានដែរ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវរបស់ណា ថាមាន របស់នេះឯង ក៏បណ្ឌិតសន្មតថា មានក្នុងលោកដែរ។
ID: 636849904557937040
ទៅកាន់ទំព័រ៖