ព្រះត្រៃបិដក ភាគ ៣៣
[២៤៩] គ្រានោះ ព្រះមានព្រះភាគ យកព្រះហស្តទៅចាប់ដុំអាចម៍គោបន្តិចហើយ ទ្រង់មានព្រះពុទ្ធដីកា នឹងភិក្ខុនោះ ដូច្នេះថា ម្នាលភិក្ខុ (ការបាននូវអត្តភាពណា) ដែលទៀតទាត់ ឋិតថេរ មិនប្រែប្រួល ជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ ការបាននូវអត្តភាព (នោះ) សូម្បីប៉ុនអាចម៍គោនេះ មិនមានទេ។ ម្នាលភិក្ខុ ប្រសិនបើ ការបាននូវអត្តភាពប៉ុណ្ណេះ ជារបស់ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា នឹងមានហើយ ការអប់រំព្រហ្មចរិយៈនេះ មិនប្រាកដ ដើម្បីអស់ទៅនៃទុក្ខ ដោយប្រពៃឡើយ។ ម្នាលភិក្ខុ ព្រោះការបាននូវអត្តភាពប៉ុណ្ណេះ ជារបស់ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា មិនមានទេ បានជាការអប់រំព្រហ្មចរិយៈ ប្រាកដដើម្បីអស់ទៅនៃទុក្ខ ដោយប្រពៃបាន។
[២៥០] ម្នាលភិក្ខុ កាលពីព្រេងនាយ តថាគត ជាខត្តិយរាជ បានមុទ្ធាភិសេកហើយ។ ម្នាលភិក្ខុ កាលដែលតថាគត ជាខត្តិយរាជ បានមុទ្ធាភិសេកហើយនោះ មាននគរ ៨៤.០០០ (ប្រាំបីម៉ឺនបួនពាន់) មានកុសាវតីរាជធានី ជាប្រធាន។ ម្នាលភិក្ខុ កាលដែលតថាគត ជាខត្តិយរាជ បានមុទ្ធាភិសេកហើយនោះ មានប្រាសាទ ៨៤.០០០ មាន
ID: 636849907197007986
ទៅកាន់ទំព័រ៖