ព្រះត្រៃបិដក ភាគ ៣៣
ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ចម្រើននូវសមាធិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តតំកល់មាំហើយ រមែងដឹងច្បាស់ តាមសេចក្តីពិត។ ចុះដឹងច្បាស់នូវអ្វី តាមសេចក្តីពិត។ ដឹងច្បាស់នូវការកើតឡើង និងសេចក្តីវិនាសនៃរូប នូវការកើតឡើង និងសេចក្តីវិនាសនៃវេទនា នូវការកើតឡើង និងសេចក្តីវិនាសនៃសញ្ញា នូវការកើតឡើង និងសេចក្តីវិនាស នៃសង្ខារទាំងឡាយ នូវការកើតឡើង និងសេចក្តីវិនាស នៃវិញ្ញាណ។
[២៨] ម្នាលភិក្ខុទាំងឡាយ ចុះការកើតឡើងនៃរូប តើដូចម្តេច ការកើតឡើងនៃវេទនា តើដូចម្តេច ការកើតឡើងនៃសញ្ញា តើដូចម្តេច ការកើតឡើងនៃសង្ខារទាំងឡាយ តើដូចម្តេច ការកើតឡើងនៃវិញ្ញាណ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ តែងត្រេកអរ សរសើរ ក្រសោបក្រសាវយក។ ចុះបុគ្គលនោះ តែងត្រេកអរ សរសើរ ក្រសោបក្រសាវយកអ្វី។ បុគ្គលនោះ តែងត្រេកអរ សរសើរ ក្រសោបក្រសាវយកនូវរូប កាលបុគ្គលនោះ កំពុងត្រេកអរ សរសើរ ក្រសោបក្រសាវយកនូវរូប សេចក្តីត្រេកអរ តែងកើតឡើង សេចក្តីត្រេកអរណាក្នុងរូប សេចក្តីត្រេកអរនោះ ហៅថា ឧបាទាន (សេចក្តីប្រកាន់)
ID: 636849831047082460
ទៅកាន់ទំព័រ៖