ព្រះត្រៃបិដក ភាគ ៣៣
ភពកើតឡើង ព្រោះសេចក្តីប្រកាន់នូវរូបនោះ ជាបច្ច័យ ជាតិកើតឡើង ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត កើតឡើង ព្រោះជាតិ ជាបច្ច័យដែរ។ សេចក្តីកើតឡើង នៃកងទុក្ខទាំងអស់នុ៎ះ យ៉ាងនេះឯង។ ត្រេកអរនឹងវេទនា។បេ។ ត្រេកអរនឹងសញ្ញា។បេ។ ត្រេកអរនឹងសង្ខារទាំងឡាយ។បេ។ ត្រេកអរ សរសើរ ក្រសោបក្រសាវយក នូវវិញ្ញាណ កាលបើបុគ្គលនោះ កំពុងត្រេកអរ សរសើរ ក្រសោបក្រសាវយក នូវវិញ្ញាណ សេចក្តីត្រេកអរ រមែងកើតឡើង សេចក្តីត្រេកអរណា ក្នុងវិញ្ញាណ សេចក្តីត្រេកអរនោះ ហៅថា ឧបាទាន (សេចក្តីប្រកាន់) ភពកើតឡើង ព្រោះសេចក្តីប្រកាន់ នូវវិញ្ញាណនោះ ជាបច្ច័យ ជាតិកើតឡើង ព្រោះភពជាបច្ច័យ។បេ។ សេចក្តីកើតឡើង នៃកងទុក្ខទាំងអស់នុ៎ះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា ហេតុឲ្យកើតរូប នេះឈ្មោះថា ហេតុឲ្យកើតវេទនា នេះឈ្មោះថា ហេតុឲ្យកើតសញ្ញា នេះឈ្មោះថា ហេតុឲ្យកើតសង្ខារទាំងឡាយ នេះឈ្មោះថា ហេតុឲ្យកើតវិញ្ញាណ។
ID: 636849831211991892
ទៅកាន់ទំព័រ៖