ព្រះត្រៃបិដក ភាគ ៣៣
[២៦០] ជិតក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវកិរិយាអស់ទៅនៃអាសវៈ ចំពោះបុគ្គលដែលដឹងច្បាស់ ឃើញច្បាស់ មិនពោលចំពោះបុគ្គលដែលមិនដឹងច្បាស់ មិនឃើញច្បាស់ឡើយ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈ រមែងមានដល់បុគ្គល ដែលដឹងអ្វី ឃើញអ្វី។ (ដល់បុគ្គលដឹងឃើញ) ថារូប ដូច្នេះ ហេតុឲ្យកើតឡើងនៃរូប ដូច្នេះ សេចក្តីអស់ទៅនៃរូប ដូច្នេះ។ វេទនា ដូច្នេះ។ សញ្ញា ដូច្នេះ។ សង្ខារដូច្នេះ។ វិញ្ញាណដូច្នេះ ហេតុឲ្យកើតឡើងនៃវិញ្ញាណ ដូច្នេះ សេចក្តីអស់ទៅ នៃវិញ្ញាណ ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅ នៃអាសវៈ រមែងមាន ដល់បុគ្គលដែលដឹងយ៉ាងនេះ ឃើញយ៉ាងនេះឯង។
[២៦១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលមិនប្រកបរឿយៗ នូវភាវនានុយោគ ទុកជាមានសេចក្តីប្រាថ្នា កើតឡើងយ៉ាងនេះថា ឱហ្ន៎ ចិត្តរបស់អាត្មាអញ គប្បីរួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនបានប្រកាន់មាំក៏ដោយ ចិត្តរបស់ភិក្ខុនោះ ក៏នៅតែមិនរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនបានប្រកាន់មាំឡើយ។ សេចក្តីនោះ ព្រោះហេតុដូចម្តេច។ គប្បីឆ្លើយថា ព្រោះភិក្ខុនោះ មិនបានចម្រើន។ មិនបានចម្រើនអ្វី។ មិនបានចម្រើនសតិប្បដ្ឋានទាំង៤ មិនបានចម្រើនសម្មប្បធានទាំង៤ មិនបានចម្រើនឥទ្ធិបាទទាំង៤
ID: 636849910777822797
ទៅកាន់ទំព័រ៖